មកដល់ម៉ោង១១: ៣៣យប់ អាការៈក្តៅខ្លួនខ្លាំង និង ឈឺក្បាលបាត់ហើយប៉ុន្តែខ្ញុំនៅតែគេងមិនលក់សោះ ចង់តេទូរស័ព្ទទៅមិត្តភក្តិក៏មិនកើតព្រោះគេមានប្រពន្ធមានប្តីអស់ហើយ ក្រែងតេទៅចំពេលគេកំពុងគោរពទង់ជាតិធ្វើម៉េចទៅ 😀 ។ គេងគិតយូៗថាងើបមកលេងហ្គេមប៉ុន្តែបែជាមិនមានអារម្មណ៍លេងទាល់តែសោះ អង្គុយគិតគិតមួយស្របក់ ក៏នឹកឃើញដល់ប្លក់កម្សត់មួយនេះដែលខ្ញុំទុកចោលជាយូរយារណាស់មកហើយ បើគេងអត់លក់ដ៏ដែលអង្គុយទំនេរនាំតែឥតប្រយោជន៍ ក៏គិតសរសេរខ្សែរជីវិតរបស់ខ្ញុំដាក់ក្នុងប្លក់នេះលេងទៅ ។ ដោយសាតែខ្ញុំចូលចិត្តអានប្រវត្តិរបស់គេខ្លាំង ទោះជាអ្នកនោះ ជាអ្នកជោកជ័យបន្តិចបន្ទួចក៏ដោយ ក៏ខ្ញុំអានដែរព្រោះចង់ដឹងថាតើគេមានការតស៊ូកម្រិតណាហើយជោកជ័យកម្រិតណា ។
ខ្ញុំជាកូនកសិករផង និងជាកូនរាជការផង ព្រោះម្តាយខ្ញុំជាកសិករ ឯឪពុកខ្ញុំជាទាហាន គាត់គឺជាកូនទាហានម្នាក់ដែលមានប្រាក់បៀវត្សតិចតួចណាស់ ហើយតែងតែទៅធ្វើសង្រ្គាមនៅទីឆ្ងាយៗ ពីរ ឬបីឆ្នាំទើមមកវិញ (កាលកំឡុងពេលសង្រ្គាម) ហើយប្រាក់ខែរបស់គាត់គឺសម្រាប់តែគាត់ចាយមិនទាំងគ្រប់ផង ។ ដូចនេះបន្ទុកគ្រួសារទាំងអស់គឺធ្លាក់ទៅលើអ្នកម្តាយរបស់ខ្ញុំជាអ្នកពន់រែក ។ ខ្ញុំរៀននៅបឋមសិក្សា និងអនុវិទ្យាល័យមិនមានអ្វីនិយាយនោះទេព្រោះខ្ញុំមិនសូវជាចាំច្បាស់លាស់នោះទេ។ ដូចនេះខ្ញុំសូមនិយាយចាប់ពីវិទ្យាល័យទៅ ។ ចូលរៀនដល់ថ្នាក់ទី១០ និង ទី១១ ខ្ញុំមិនមានលុយរៀនគួរនឹងគេនោះទេ គឺគ្រប់មុខវិជ្ជាទំាងអស់ ប៉ុន្តែខ្ញុំមានមិត្តភក្តិគេជាគ្រូបង្រៀនអង់គ្លេសនៅសាលា ហើយគេឲ្យខ្ញុំចូលរៀនជាមួយគេដោយមិនគិតលុយ ប៉ុន្តែខ្ញុំជាមនុស្សពូកែរៀន តែរៀនមិនសូវពូកែ ដូចនេះខ្ញុំរៀនមិនសូវជាចេះទេ ។ ក្រៅពីការរៀននៅវិទ្យាល័យ នៅផ្ទះខ្ញុំគឺជាកម្លាំងដ៏សំខាន់ក្នុងការជួយធ្វើស្រែចម្ការម្តាយរបស់ខ្ញុំហើយខ្ញុំតែងតែឡើងកាប់អុសនៅលើភ្នំមកដុតធ្វើជាធ្យូងដើម្បីលក់បានលុយទិញខោអាពាក់នឹងគេ ។ វាស្ទើរតែមិនមានទេដែលខ្ញុំសុំលុយពីអ្នកម្តាយរបស់ខ្ញុំដើម្បីទិញខោអាវពាក់ ក្រៅពីបានពីការលក់មាន់ដែលខ្ញុំចិញ្ចឹម និង លក់ធ្យូង បើប្រៀបធៀបទៅនឹងអ្នករៀនដូចគ្នាអាចនិយាយបានថាខ្ញុំមិនសូវសំណាងទេ ។ តែបើប្រៀបធៀបទៅក្មេងក្នុងភូមិរបស់ខ្ញុំៗគឺជាមនុស្សតែម្នាក់គត់ដែលស្រួលជាងគេ ។
ថ្នាក់ទី១១ កន្លងផុតទៅហើយ ដល់រដូវវ៉ាកងហើយ ហើយក៏ជារពេលដែលខ្ញុំចាប់ផ្តើមស្រួលដែរ ។ អ្នកម្តាយរបស់ខ្ញុំបានយល់ព្រមតាមសំណើររបស់ខ្ញុំមិនឲ្យខ្ញុំធ្វើអ្វីទាំងអស់គឺដឹងតែពីរៀនតែមូយមុខ ដោយសារកាលនោះខ្ញុំមានប្អូនប្រុសម្នាក់ជាអ្នករាប់រងជំនួសហើយគេបានខ្វៀលគោមួយវ៉ូងធំ ។ កំណើតនៃការមានគោរបស់គ្រួសារខ្ញុំគឺ ដោយសារតាយាងខាងពុកខ្ញុំគាត់ចែកកូនគោ ១ ឲ្យខ្ញុំ ហើយតាយាងខាងម្តាយខ្ញុំចែក១ ឲ្យប្អូនប្រុសខ្ញុំនិង ចែក១ ទៀតឲ្យម្ដាយរបស់ខ្ញុំ យើងចាប់ប្តើមពីមានកូនគោញីបីរហូតដល់មានមេគោចំនួន៩ គោទាំងអស់គឺប្អូនខ្ញុំជាអ្នកឃ្វាល ។ ចំណែកខ្ញុំមិនសូវជាស្គាល់គោច្បាស់ទេព្រោះវាមានចំនួនច្រើនពេកបើសរុបទាំងមេទាំងកូនទាំងអាស្ទាវវាជាង១៥ ឯណោះ ។ ថ្វីត្បិតតែតម្លៃគោជំនាន់នោះមិនសូវជាថ្លៃ ប៉ុន្តែគោនេះវាពិតជារួមចំណែកយ៉ាងសំខាន់នៃការលើកកម្ពស់ជីវភាពគ្រួសាររបស់ខ្ញុំ ។ ដូចនេះខ្ញូំមានលុយចាយវាយគ្រប់គ្រាន់មានលុយរៀនគួរគ្រប់មុខ ។ ខ្ញុំចាប់ប្តើមមានអំនួតលើខ្លួនឯង ព្រោះធ្លាប់ជាសិស្សនៅបាតថ្នាក់ខ្លាយជាអ្នកគ្រាន់ចេះនឹងគេដែរ ខ្ញុំហានឡើងដោះស្រាយលំហាត់នៅលើក្តាខៀន ខ្ញុំហានមិនយកចិត្តទុកដាក់ស្តាប់គ្រូពន្យល់ព្រោះអាងរៀនគួរ និងគិតថាមេរៀននេះខ្ញុំចេះអស់ហើយ (ខ្ញុំចាប់ផ្តើមមានអំនួតលើខ្លួនឯងហើយ) ។ ងាកមកកិច្ចការផ្ទះវិញខ្ញុំលេងជួយធ្វើអ្វីគាត់ទៀតហើយ ក្រៅពីចិញ្ចឹមជ្រូក និងមាន់ដែលខ្ញុំតែងតែចិញ្ចឹមតាំងពីថ្នាក់ទី១០មកម្លេះ ។ ថ្វីថ្បិតតែខ្ញុំខិតខំរៀនខ្លាំង ដល់ម៉ោង១១យប់ ហើយពេលខ្លះរហូតដល់ម៉ោង២ រំលងអាទ្រាធ ។ ប៉ុន្តែខ្ញុំប្រឡងមិនជាប់បាក់ឌុបនោះទេ នៅឆ្នាំ២០០២ (ព្រោះខ្ញុំជាមនុស្សពូកែរៀន តែរៀនមិនសូវពូកែ) ។ បរាជ័យលើកនេះវាពិតជាឈឺចាប់ខ្លាំងណាស់ ខ្ញុំមិនខ្មាស់អ្នកភូមិទេ ហើយក៏មិនខ្មាស់មិត្តភក្តិដែរប៉ុន្តែខ្ញុំ ឈឺចាប់ដោយសារបានបំផ្លាញ់នូវទឹកចិត្តរបស់អ្នកម្តាយរបស់ខ្ញុំសុខចិត្តរ៉ាបរងរាល់ការងារទាំងអស់ ហើយឲ្យខ្ញុំខំប្រឹងតែរៀន ។
ដូចពាក្យចាស់ថាមនុស្សយើងមិនមែនសុទ្ធតែជោគជ័យ និងបរាជ័យតែរហូតនោះទេ ជាសំណាងល្អខ្ញុំបានប្រឡងជាប់គ្រូបឋមសិក្សានៅថ្ងៃទី០១ ខែ១២ ឆ្នាំ២០១២ (នៅតាមស្រុកស្រែចម្ការគ្រូបឋមអាចថាមានតម្លៃគួរសមដែរ) ។ ថ្វីត្បិតតែជាប់គ្រូបឋមប៉ុន្តែចិត្តចង់បានបាក់ឌុបនៅមាននៅឡើយ ខ្ញុំចាប់ផ្តើមចាយលុយត្បិតត្បៀតជាងមុនដោយសន្សំលុយរៀនភាសារអង់គ្លេស និង រៀនគួរគណិត រូប គីមីថែមទៀត ។ សូម្បីតែមកផ្ទះ ក៏ខ្ញុំមិនដែលជិះឡានដែរ ទោះថ្លៃឡានជំនាន់នោះតែ២០០០៛ក៏ដោយ ប្រោះបើខ្ញុំជិះឡានមួយសប្តាហ៏ត្រូវចំណាយ ៤០០០៛ ហើយខ្ញុំសុំពីគាត់មួយសប្តាហ៏តែ១៥០០០៛ ទេ ។ ដូចនេះជារៀលរាល់សប្តាហ៍ខ្ញុំបានធាក់កង់ក្នុងចម្ងាយដី ៣៥ Km ពីរដងគឺទៅ និងមក (កាលនោះមិនហត់ទេគឺជារឿងធម្មតាព្រោះជិះអស់រយៈពេលជិតពីរឆ្នាំ ) 😀 ។ ខ្ញុំរៀននៅសាលាគរុកោសល្យ និងវិក្រីតការខេត្តកំពង់ស្ពឺអស់រយៈពេលពីរឆ្នាំ ហើយខ្ញុំតែងតែដាក់ប្រឡងស្វាយរិនយកសញ្ញាបត្របាក់ឌុបនៅភ្នំពេញជារៀងរាល់ឆ្នាំប៉ុន្តែនៅតែមិនជាប់ ។ នៅឆ្នាំ២០០៤ ខ្ញុំបានក្លាយជាមន្ត្រីរាជការដែលមានកាំប្រាក់ គ៣.១៤ ជាលើកដំបូង ។ ដែលកាលនោះមិនទាន់មានប្រាក់ខែបើកនៅឡើយ ។ ដោយសារតែខ្ញុំទៅរៀននៅសាលាគរុកោសល្យដល់ទៅពីឆ្នាំហើយបានចាយលុយអស់ច្រើនគួរសមដែរនោះ អ្នកម្តាយរបស់ខ្ញុំមិនមានលុយទិញម៉ូតូឲ្យមន្ត្រីរាជាការវ័យក្មេងដែលមិនទាន់មានប្រាក់ខែរូបនេះជិះនៅឡើយ ។ ថ្វីត្បិតតែសាលាខ្ញុំបង្រៀននេះស្ថិតនៅក្នុងស្រុករបស់ខ្ញុំ ប៉ុន្តែវានៅឆ្ងាយគួរសមដែរពីផ្ទះរបស់ខ្ញុំគឺប្រហែលជា២០Km ។ ដូចនេះខ្ញុំត្រូវស្នាក់នៅសាលាជាមួយគ្រូៗពីរអ្នកទៀតដែលចេញជំនាន់មុន ។ នៅឆ្នាំ២០០៤ នេះស្រុកខ្ញុំជួបនឹងគ្រោះរាំងស្ងួតដ៏ខ្លាំងមួយគឺស្រូវទាំងអស់ត្រូវស្កកគ្មានបានផលអ្វីបន្តិចសោះឡើយ ប៉ុន្តែទោះបីជាយ៉ាងនេះក៏ដោយម្តាយខ្ញុំបានលក់គោមួយនឹម ដើម្បីទីម៉ូតូម៉ាកគុប ៩០ ក្នុងតម្លៃ ៧០០$ ឲ្យមន្រីរាជការវ័យក្មេងនេះជិះទៅបង្រៀន (គោមួយនឹមធំៗ ទិញបានតែម៉ូតូមួយគ្រឿងនឹងទេជំនាន់នោះ 😀 )។ ថ្វីត្បិតតែខ្លាយជាគ្រូបង្រៀនទៅហើយប៉ុន្តែខ្ញុំនៅតែចង់បានសញ្ញាបត្របាក់ឌុបដ៏ដែល ។ នៅក្នុងសម័យប្រឡង ០៨ សីហា ២០០៥ ខ្ញុំបានប្រឡងជាប់សញ្ញាបត្របាក់ឌុបជាស្ថាពរ ក្នុងមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ ដោយមានការជ្រោមជ្រែងពីមិត្តល្អបំផុតរបស់ខ្ញុំម្នាក់ ព្រោះគេជាអ្នកដាក់ពាក្យ និង ជូនខ្ញុំទៅប្រឡង (ព្រោះខ្ញុំមិនសូវស្គាល់ភ្នំពេញច្បាស់ទេ ឯគេស្គាល់ច្បាស់ជាងខ្ញុំដោយគេជានិសិត្ស ឆ្នាំទី២ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ) ។ នេះគឺជាពេលដែលខ្ញុំរីករាយបំផុត ហើយខ្ញុំបានស្រែកខ្លាំងៗ នៅក្នុងវិទ្យាល័យនេះ ។ ជោគជ័យមួយនេះគឺមានតម្លៃខ្លាំងណាស់សម្រាប់ខ្លួនខ្ញុំ ព្រោះវាជាតម្លៃនៃការខិតខំប្រឹងប្រែងរបស់ខ្ញុំ ហើយវាក៏ជាស្ពានដែធ្វើឲ្យចាប់ផ្តើមដាក់ទិសដៅដ៏ធំមួយ។
នៅខែ០៨ ឆ្នាំ ២០០៦ ជាពេលវិស្សមកាលធំ ខ្ញុំបានសំពះលាអ្នកម្តាយរបស់ខ្ញុំដើម្បីមកភ្នំពេញជាមួយម៉ូតូដែលអ្នកម្តាយខ្ញុំបានចែកឲ្យ ។ ជីវិតជាគ្រូវបឋមរបស់ខ្ញុំត្រូវទុកនៅមួយកន្លែង និង ចាប់ផ្តើមចាប់យកជីវិតជានិសិត្សម្តងវិញ ព្រោះចង់ក្លាយជានិសិត្សខ្លាំងណាស់ឃើញតែតាមទូរទស្សន៍ រាងស្អាតៗ និងពោពេញទៅដោយការចេះដឹង ។ ខ្ញុំបានមកជួលផ្ទះជាមួយមីងរបស់ខ្ញុំដែលគាត់មករៀននៅភ្នំពេញដែរ គាត់ជានិសិត្សឆ្នាំទី៤ និងមិត្តភក្តិស្រីៗរបស់គាត់៣នាក់ទៀត ។ កាលនោះដោយមិនទាន់ដល់រដូវចូលរៀនផង ហើយជាអ្នកស្រែចូលក្រុងផង ខ្ញុំតែងតែយកកង់របស់មីងជិះដើរលេង ពេញតែភ្នំពេញ (មិនហ៊ានជិះម៉ូតូទេ ព្រោះខ្លាចទាំងប៉ូលីស ខ្លាចទាំងចោរ ដូចនេះម៉ូតូចាក់សោទុកចោលនៅឯផ្ទះជួល) នឹងទៅរៀនភាសាអង់គ្លេសនៅមជ្ឈមណ្ឌលព្រះពុទ្ធសាសនាមួយដែលរៀនដោយមិនអស់លុយ ហើយ ក្រៅពីនេះគឺដើររកការងារធ្វើ ការរកការងារធ្វើគឺជារឿងសំខាន់ណាស់របស់ខ្ញុំព្រោះអ្នកម្តាយរបស់ខ្ញុំមិនមានលុយឲ្យខ្ញុំរៀនទេទាំងបង់ថ្លៃសាលា និង ការហូបចុក ដូចនេះខ្ញុំត្រូវតែរកដោយខ្លួនឯង ។ កាលណោះខ្ញុំគិតថាឲ្យតែរកការងារណាបានប្រាក់ខែត្រឹម៥០$ គឺខ្ញុំអាចសន្សំទុកបង់ថ្លៃសាលា និងចាយវាយបានហើយ ព្រោះខ្ញុំមានលុយ១៥០$ ដែរសម្រាប់បង់ថ្លៃសាលាជាលើកដំបូងរបស់ខ្ញុំ ។ ទៅនៅភ្នំពេញមិនទាន់បានមួយខែផងខ្ញុំក៏រកការងារបានធ្វើគឺជាអ្នករតុ 😀 នៅហាងមួយឈ្មោះថា ដារ៉ាអាល្យង់ នៅលើផ្លូវ 360 ឬ ផ្លូវឡានទឹក(បច្ចុប្បន្នហាងនេះបិទទ្វារទៅហើយ) ។ ធ្វើនៅទីនោះខ្ញុំទទួលបានប្រាក់ខែ ២៥$ ។ ដោយការអស់សង្ឃឹមរកការងារដែលមានប្រាក់ខែចាប់ពី 50$ មិនបានខ្ញុំបានសុំម្ចាស់ហាងឈប់ក្នុងឱកាសឈប់សម្រាកភ្ជុំបិណ (ទាល់តែសុំឈប់ទើបគេបើកលុយដែលគេកាត់5$ ទុកនោះឲ្យ) ។ ហើយក៏ត្រឡប់ទៅស្រុកវិញទាំងអស់សង្ឃឹម ថ្វីត្បិតតែទៅក្នុងរដូវភ្ជុំ ប៉ុន្តែខ្ញុំពិជាគ្មានសង្ឃឹមថានឹងបានមកភ្នំពេញវិញទេព្រោះគ្មានការងារធ្វើតើបានលុយពីណារៀនទៅ ?
មកដល់ផ្ទះវិញមិត្តភក្តិដែលជាគ្រូបឋមរៀនជំនាន់ជាមួយគ្នាថា សាលាឲ្យអតីតគរុសិស្សជំនាន់ទី២១ ទៅយកសញ្ញាប័ត្រ ។ ពេលខ្ញុំទៅយកសញ្ញាបត្រជួបអ្នកគ្រូសិល្បៈដែលកូនរបស់គាត់បានរៀនគ្រូជំនាន់ខ្ញុំដែរគាត់ថាកូនគាត់បានទៅធ្វើជាគ្រូបឋមនៅសាលាឯកជនមួយនៅឯភ្នំពេញ ។ គាត់ប្រាប់ទៀតថាឥឡូវនេះគេកំពុងតែខ្វះគ្រូច្រើនណាស់ ។ ខ្ញុំចាប់ផ្តើមមានសង្ឃឹមឡើងវិញហើយបន់ឲ្យតែចប់រដូវភ្ជុំបិណ អាលទៅភ្នំពេញយកពាក្យទៅដាក់ ព្រោះខ្លាចគេរើសគ្រប់ ។
នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០០៦ ខ្ញុំបានខ្លាយជាគ្រូបឋមនៅសាលាឯកជនសំពៅមាស ដោយបានប្រាក់ខែ 75 $ ។ ហើយខ្ញុំក៏ចាប់ផ្តើមចុះឈ្មោះចូលរៀននៅសកលវិទ្យាល័យមេគង្គកម្ពុជា ផ្នែក វិទ្យាសាស្រ្តកុំព្យូទ័រ ដោយទទួលបានអាហារូបករណ៍ 50% ដោយសារសញ្ញាបត្រគរុកោសល្យ ។ រំលងបានពីរខែដោយមានការ ជ្រោមជ្រែងពីលោកគ្រូហែមលឿត ខ្ញុំបានដូរមកទៅធ្វើជាបុគ្គលិកការិយាល័យវិញ ។ ខ្ញុំពិតជាចូលចិត្តធ្វើការនៅទីនេះណាស់ ព្រោះខ្ញុំត្រូវទទួលខុសត្រូវខាងវាយអត្ថបទ ។ ធ្វើការមិនបានប៉ុន្មានខែផងខ្ញុត្រូវបាននាយកសាលា តម្លើងប្រាក់ខែ បាន១២០$ (នេះក៏ដោយសារតែមានការជួយ ជ្រោមជ្រែងពីគ្រូលឿតដែរ) ខ្ញុំធ្វើការនៅទីនោះរយៈពេលជិត៥ ឆ្នាំ មានរឿងសប្បាយ រីករាយ និង ជូរចត់ខ្លាំង លាយឡំគ្នានៅក្នុងអគ្គភាពនេះ ។ នៅថ្ងៃ ២៩ ខែកញ្ញា ឆ្នាំ២០១១ ខ្ញុំបានរៀនចប់បរិញ្ញាបត្រ ។ ប៉ុន្តែគួរឲ្យស្តាយខ្ញុំត្រូវខកខានមួយឆ្នាំមិនអាចប្រឡងចូល វិទ្យាស្ថានជាតិអប់រំ បាន ដោយសា តែលទ្ធផលប្រឡង ចេញមិនទាន់ ដូចនេះខ្ញុំត្រូវរងចាំប្រឡងនៅឆ្នាំក្រោយ ។ ក្រោយពីរៀនចប់បរិញ្ញាបត្រខ្ញុំមិនអាចរកការងារធ្វើទាក់ទងនឹងបរិញ្ញាបត្ររបស់ខ្ញុំនោះឡើយ ។ ដោយធុញថប់នឹងបរិយាកាសនៅកន្លែងការងារ និង ដោយឈ្មោះគ្រូវបឋមគេប្រាប់ថាបើខ្ញុំមិនទៅបង្រៀនវិញទេគេនឹងលុបឈ្មោះចោលពីក្របខណ្ឌ នោះខ្ញុំក៏សុំឈប់ពីកន្លែងធ្វើការរបស់ខ្ញុំនៅភ្នំពេញ ទៅធ្វើជាគ្រូបឋមនៅស្រុកស្រែវិញ ។ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១២ ខ្ញុំបានប្រឡងជាប់ជាគរុនិសិត្ស នៅវិទ្យាស្ថានជាតិអប់រំ ហើយវាជាគោលបំណងតែមួយគត់ដែលខ្ញុំបានមករៀននៅភ្នំពេញ៤ ឆ្នាំនេះដើម្បី ធ្វើជាគ្រូវវិទ្យាល័យ ។ ថ្វីត្បិតតែអាជីបជាគ្រូបង្រៀនរងនូវការរិះគុណយ៉ាងធ្ងន់ធ្ងរប៉ុន្តែខ្ញុំនៅតែស្រឡាញ់អាជីវនេះ ហើយខ្ញុំនៅតែមានមនសិការវិជ្ជាជីវៈចំពោះអាជីបនេះជានិច្ច ។
(ទោះជាខ្ញុំរត់យឺត ឲ្យតែខ្ញុំនៅតែបន្តរត់ ខ្ញុំនឹងទៅដល់គោលដៅ)
សរសេរចប់នៅម៉ោង ២:២៤នាទីយប់
អ៊ុក សម្ផស្ស
នេះជាខ្សែជីវិតតស៊ូដ៏ឯករាជ្យបំផុត។ ស៊ូៗ!
អរគុណ! បងបានចូលមកលេង
ខ្ញុំក៏មានអារម្មណ៏ថាឯករាជ្យដែរ ។ ហើយពេលខ្លះក៏ ប៊ិះៗ នឹងបរាជ័យដែរ ។
បើឲ្យខ្ញុំសរសេរវិញ ដូចជាឥតមានអីសរសេរទេ ព្រោះថាខ្ញុំបង់ម្សៀតហ្មង
ខ្ញុំចូលចិត្តស្នាដៃផ្នែកប្រវត្តិសាស្រ្ត របស់តាម៉ាប់ខ្លាំងណាស់
ស្នាដៃចម្លងណឹង 😀
ថ្វីត្បិតតែជាស្នាដៃ ថតចម្លងប៉ុន្តែវាពិតជារួមចំណែកធ្វើឲ្យមានឯកសារយ៉ាងសម្បូរបែបនៅក្នុងប្រពួន្ធអ៊ីនធឺណិត ។ វាជាការរួមចំណែកដ៏ធំមួយ ។ ហើយខ្ញុំក៏យល់ដឺងច្រើនដោយសាស្នាដៃរបស់តាម៉ាប់ ។
អរគុណលោកគ្រូសម្ជស្ស ។ 😀 ខ្ញុំសរសេរអត្ថបទចម្រុះពេកហើ្យ ចាំរកធ្វើឲ្យជាក់លាក់បន្តិច ។
ជីវិតសម្ផស្សពិតជាពោរពេញដោយការតស៊ូមែន
មានគេតស៊ូជាងខ្ញុំ នឹង បានជោគជ័យជាងខ្ញុំច្រើនណាស់បង ។ អរគុណដែលបានចូលមកលេងផ្ទះមួយនេះ
សូមជូនពរឲ្យមានសំណាងល្អ អ្វីដែលខ្ញុំចង់និយាយគឺ ធ្វើការអ្វីក៏ដោយត្រូវតែមាន វិជ្ជាជីវៈ
អរគុណ! ដែលបានចូលមកលេង
ចូលរួមត្រេកអរផងដែលបានសម្រេចគោលដៅ ។ អានហើយដូចជាអាសូរខ្លួនឯង រកគោលដៅមិនឃើញទេ ដូចនៅកណ្តាលទន្លេម៉េចមិនដឹងទេខ្ញុំ ។
អរគុណបង ! នៅកណ្តាលទន្លេយ៉ាងម៉េចបើមានស្វាម៉ីល្អ និង កូនពីរនាក់គួរឲ្យស្រឡាញ់ហើយ ។ ឯខ្ញុំវិញនៅគោលដៅធំមួយទៀតដែលមិនទាន់សម្រេចនៅឡើយណាបង!