នៅពេល ឮបង somada និយាយពីចាស់ទុំកាច់ ខ្ញុំក៏នឹកឃើញដល់វប្បធម៌ និងអរិយធម៌ខ្មែរ ។ នៅពេលនេះខ្ញុំសូមនាំអ្នកភូមិយើងក្រឡេកទៅមើលវប្បធម៌ខ្មែរយើងទៅលើពិធីសែនមេបាសាកមើល ។
ការប្រព្រឹត្តខុសមេបាចែកចេញជា ៣ បែបគឺ ៖
១. មេបាចាស់ទុំ ៖
គឺបញ្ហានេះជាបម្រាមដល់បងប្អូនទាំងប្រាំពីរសន្ដានក្នុងការទាស់ទែងខ្វែងគំនិតគ្នាបើមានខុស ហើយនោះគ្រួសារនោះនឹងមានជំងឺ ។ ហេតុនេះបងប្អូនទាំងនោះត្រូវមកជួបជុំ គ្នាដើម្បីរៀបចំពិធីសុំខមាទោសមេបាឱ្យឈប់ខឹង ឈប់ប្រកាន់កូនចៅទៀតហើយសន្យាថា ឈប់ឈ្លោះទាស់ទែងគ្នាទៀត ។
២. ខុសមេបាក្រមុំ កំលោះ ៖
សំដៅទៅលើការបំពានរបស់ក្រមុំ កំលោះក្នុងផ្នែកសីលធម៌ គឺការលួចទាក់ទងគ្នាប្រព្រឹត្តខុសប្រពៃណីមិនឱ្យម្ដាយឪពុកដឹង ។ មេបាខឹងសម្បារក៏អាចធ្វើឱ្យសមាជិកនៃគ្រួសារបងប្អូនខាងស្រីណាមួយមានជំងឺ ។ ពេលដឹងនូវនារីដែលធ្វើខុសនោះគេហៅនារីនោះទៅសែនព្រេនសុំទោស និងសុំឱ្យអ្នកជំងឺជាសះស្បើយ ។
៣. ខុសមេបាផ្កាប់មុខឬ បិទមុខ ៖
សំដៅលើការប្រព្រឹត្តខុសរបស់ស្ត្រីដែលមានប្ដីហើយលួចទៅមានសាហាយ ។ ធ្វើឱ្យមេបាខឹងសម្បារក៏អាចធ្វើឱ្យសមាជិកនៃគ្រួសារបងប្អូនខាងស្រីណាមួយមានជំងឺ ។ មេបាផ្កាប់មុខគេពិបាករកមុខស្ត្រីដែលខុសនោះណាស់ព្រោះនាងមានប្ដី ។
ខាងជីដូនខ្ញុំ គាត់ធ្លាប់ជាអ្នកចូលរូប បើមានបងប្អូនកូនចៅណា ធ្វើខុសទំនៀមទំលាប់ ខ្មោចជីដូនជីតា ច្បាស់ជាធ្វើអោយកូនចៅឈឺមិនខានឡើយ បើឈឺហើយខ្មោចនោះចូលមកប្រាប់ហើយថា ខ្មោចគេមកទាមទារនេះនោះ ដោយសារមូលហេតុនេះនោះ មិនចាំបាច់តែខុសសីលធម៌ទេ បើមិនចឹងទេ មិនងាយជាទេ ចឹងពួកគាត់តែងរៀចចំ របស់ដែលគេត្រូវការហ្នឹងអោយគេទៅ គឺវិធីសែនព្រេន ខមាទោសហ្នឹងឯង មួយឆ្នាំជីដូនខ្ញុំត្រូវស្រុកកំណើតម្តង ដើម្បីធ្វើពិធីលៀងមេមត់ នៅពេលនោះ ខ្ញូំឃើញមានបងប្អូនកូនចៅ និងញាតិមិត្ត មកជួបជុំច្រើនណាស់ តម្រង់គ្នាជាជួរ ចូលមកអោយខ្មោចប្រសិទ្ធិពរជ័យអោយ ខ្ញុំក៏ធ្លាប់ចូលទៅដែរ កាលនៅតូចៗ តែពិធីនេះ ត្រូវបានចប់សាបរលាប កាលសម័យ ១៧ មេសា ៧៥ ឆ្នាំថ្មីនោះទៅ អស្ចារ្យណាស់ដែរ បើតាមធ្លាប់ឃើញ ដូចមិនគួរអោយជឿទេ ពីព្រោះជីដូនខ្ញុំ មិនចេះរាំ មិនចេះច្រៀង មិនចេះផឹក ហើយព្រមទាំង មិនចេះចិន យួន ឬ សៀមក៏ខ្មោចនោះ ធ្វើអោយគាត់ចេះដែរ ។ល។៚…
បែបនឹងគឺស្ថិតក្នុងខុសមេបាចាស់ទុំហើយ ។
តាមពិតទៅ ខ្មោចហ្នឹង មានតតាមខ្សែរ មិនដឹងខ្សែរគាត់មានពីត្រឹមណាមកទេ តែខ្សែរគាត់ជា ខ្សែរចិន ចិនខ្មៅដូចម្រេចកំពត គាត់ជាជីដូនខាងម្តាយ ធ្លាប់ឮគាត់ប្រាប់ថា ជីតា (ទួត?)គាត់មកពី ស្រុកចិន ជំនាន់ញាំជើងក្តាមមួយ (?) ដល់ស្រុកខ្មែរ ហើយមិនចេះខ្មែរទេ ចិនខ្មៅចឹងទេ តែកាន់ទំនៀមទំលាប់ចិនបានល្អណាស់ដែរ តែឪពុកខ្ញុំដែលមានស្បែកស ដូចជាមិនឃើញមានកាន់ទំនៀមទំលាប់ចិនទេ ប្រហែលជាមកស្រុកខ្មែរ យូរពេកទៅ ក៏មិនដឹង ។
តែយ៉ាងណាក៏ដោយ រឿងមានខ្សែរខាងកាន់ឆ្នួរខ្មោចហ្នឹង ដូចជាមិនមានកូនចៅ ឬ បងប្អូនណា ចង់បានធ្វើចឹងទេ គេគេចគ្រប់គ្នា តែបើពិនិត្យមើលទៅ ដូចជាមិនមែនអន់ទេ គេគោរពគាត់ ស្ទើរគ្រប់គ្នា ហើយគាត់មិនមែនអ្នកអាក្រក់ទេ គាត់ធ្វើបុណ្យធ្វើទានណាស់ ខ្ញុំធ្លាប់រស់នៅជា មួយគាត់ ៗ មិនដែលវាយខ្ញុំទេ ហើយពួកគាត់មាន ក្រុមភ្លេងផង ភ្លេងលៀងមេមត់ផង លេងភ្លេងការផង តែគាត់ចូលចិត្តទុកសក់វែងណាស់ សក់វែងហួសចង្កេះទៅទៀត តែគាត់បួងសក់ជានិច្ច ហើយស្លៀកសំពត់ចងក្បិនជានិច្ច ចឹងមើលទៅដូចខ្មែរបុរាណ្យចឹង ។
សម័យឥឡូវគ្មានអ្នកណាជឿទៀតទេ បើមានជំងឺត្រូវរត់រកគ្រូពេទ្យហើយ។
ជាកាពិតហើយពេទ្យត្រូវតែទៅ តែអាចបន់ស្រន់ថែមទៀតក័៏តាមចិត្តចុះ ។
វាជាជំនឿ និង ទម្លាប់របស់ជនជាតិយើងទៅហើយ ខ្ញុំនេះហើយជាអ្នកដែលមិនជឿមិនស្តាប់ទេ ព្រោះគិតដូចបុរិន្ទអញ្ចឹង ។ តែពេលដែលឆ្លងកាត់មកច្រើនរឿងហើយឃើញច្បាស់នឹងភ្នែកពេកឥឡូវនេះជឿខ្លះហើយ តែក៏មិនចោលពេទ្យដែរ ។
យើងមិនទាន់អាចអារកាត់ថាមិនមានអ្នកជឿបានទេ ។ ជំនឿនេះនៅមាននៅឡើយ ពិសេសនៅតាមស្រុកស្រែចំការ គឺមិនទាន់បាត់ទៅណាទេ ។ សូម្បីអ្នកភ្នំពេញខ្លះក៏នៅមានជំនឿនេះដែរ ។ ហើយសូម្បីតែពេទ្យខ្លះក៏គេនៅជឿជំនឿបែបនេះដែរ តែគេមិនហ៊ានបញ្ចេញឲ្យយើងដឹងប៉ុណ្ណោះ ។ នេះជាជំនឿរបស់ខ្មែរយើងតាំងពីបូរាណកាលយូរអង្វែង គឺមុនពួកសាសនាឥណ្ឌាចូលមកទៀត ។
បាទខ្ញុំគាំទ្រទាំងស្រុង